ប្រវត្តិគម្ពីរបាលី
ព្រះពុទ្ធសាសនាប្រើភាសាបាលីជាគោលក្នុងការកត់ត្រានិងចារឹកពុទ្ធវចនៈរបស់ព្រះបរមសាស្តា ហេតុនោះ គម្ពីរភាសាបាលីក្រៅពីគម្ពីរព្រះត្រៃបិដកនៅមានជាច្រើនទៀតដែលប្រទេសកម្ពុជាកំពុងតែខ្វះខាតនិងត្រូវការឲ្យគម្ពីរភាសាបាលីដែលស្ថិតក្នុងភាសាដទៃទាំងនោះមកជាខេមរភាសាដើម្បីបំពេញតម្រូវការផ្នែកការសិក្សាព្រះពុទ្ធសាសនានៅកម្ពុជា ការសិក្សាស្រាវជ្រាវរកគម្ពីរក្បួនខ្នាតភាសាបាលីដែលខ្វះខាតចាត់ជាសេចក្តីចាំបាច់យ៉ាងខ្លាំងសម្រាប់ភិក្ខុសាមណេរដែលជាជនជាតិខ្មែរ ព្រោះទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា គឺ គម្ពីរក្បួនខ្នាតភាសាបាលីដែលជាភាសាមានបែបផែនជាក់លាក់និងច្បាស់លាស់នុះឯងទាំងជាភាសាដែលព្រះគន្ថរចនាចារ្យគ្រប់យុគសម័យតែងតែប្រើកត់ត្រានិងអធិប្បាយពុទ្ធវចនៈទុកសម្រាប់សាសនទាយាទសិក្សាឈ្វេងយល់ ។
ដើម្បីដឹងប្រវត្តិសាវតារនៃគម្ពិរភាសាបាលី សូមលើកយកប្រវត្តិនៃការធ្វើសង្គាយនាមកជាគ្រឿងឆ្លុះបញ្ចាំងដោយសង្ខេបដូចតទៅ
សង្គាយនា ៩ លើក
សង្គាយនា បានដល់ ការប្រជុំពិនិត្យផ្ទៀងផ្ទាត់ពុទ្ធវចនៈដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ឲ្យបានត្រឹមត្រូវនិងជាទីទទួលស្គាល់ថា មិនឃ្លៀងឃ្លាតចាកព្រះតម្រាស់ដើម ពោលគឺ ចងក្រងព្រះធម្មវិន័យឲ្យមានរបៀបបែបផែននិងរក្សាសភាពដើមទុកមិនឲ្យបាត់បង់ ។
ដើម្បីជាជំនួយដល់ការសិក្សាគម្ពីរព្រះពុទ្ធសាសនា សូមលើកយកប្រវត្តិនៃការធ្វើសង្គាយនាមកដោយសង្ខេប
សង្គាយនាលើកទី ១
មូលហេតុនៃការធ្វើសង្គាយនា : លោកតា សុភទ្ទ សិស្សរបស់ព្រះមហាកស្សបថេរៈពោលបន្តុះបង្អាប់ព្រះធម្មវិន័យ
អ្នកមេគំនិតធ្វើសង្គាយនា : ព្រះមហាកស្សបថេរៈ សហការជាមួយនឹង ព្រះឧបាលី ព្រះអានន្ទ ព្រមទាំងព្រះអរហន្ត ៥០០ រូប
កន្លែងធ្វើសង្គាយនា : ល្អាងសត្តបណ្ណត្រង់ជើងភ្នំវេភារៈក្បែរក្រុងរាជគ្រឹះ
ពេលធ្វើសង្គាយនា : ក្រោយពុទ្ធបរិនិព្វានបាន ៣ ខែ ធ្វើអស់រយៈពេល ៧ ខែ ទើបសម្រេច
អ្នកឧបត្ថម្ភ : ព្រះបាទអជាតសត្រូវ
សរុបសង្គាយនាលើកទី ១
- ធ្វើនៅឯសត្តបណ្ណគូហាជើងភ្នំវេភារៈ ក្រុងរាជគ្រឹះ មគធរដ្ឋ
- ព្រះមហាកស្សបថេរៈជាប្រធាននិងជាអ្នកចោទសួរ ព្រះឧបាលីជាអ្នកឆ្លើយព្រះវិន័យ ព្រះអានន្ទជាអ្នកឆ្លើយព្រះសូត្រនិងព្រះអភិធម្ម
- ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភសង្គាយនានោះ
- ព្រះអរហន្ត ៥០០ រូបចូលរួមសង្គាយនា
- ពិន័យអាបត្តិដល់ព្រះអានន្ទ
- ដាក់ព្រហ្មទណ្ឌដល់ភិក្ខុឆន្នៈ
- ព្រះបុរាណថេរៈប្រឆាំងជំទាស់សង្គាយនានោះ
- គោលបំណងដើម្បីចងក្រងព្រះធម្មវិន័យជាវគ្គជាស្នើដើម្បីរក្សាស្ថេរភាពរបស់ព្រះសាសនា
- ចាប់ផ្តើមធ្វើនៅពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានបាន ៣ ខែ និងធ្វើ ៧ ខែទើបសម្រេច ។
- មានការចាត់ត្រៀមសង្គាយនាយូរដល់ ៧ សប្តាហ៍
លទ្ធផលនៃសង្គាយនាលើកទី ១ គឺ
- បានចងក្រងព្រះធម្មវិន័យជារបៀបតាមវគ្គ
- ការបដិបត្តិរបស់ព្រះអានន្ទនិងការដាក់ទណ្ឌកម្មដល់ភិក្ខុឆន្នៈចាត់ជាគម្រូល្អ ឆ្លុះបញ្ចាំងដល់គោលប្រជាធិបតេយ្យ និង ធម្មាធិបតេយ្យយ៉ាងច្បាស់លាស់
- ធ្វើឲ្យពុទ្ធវចនៈស្ថិតស្ថេរនិងគង់វង្សរហូតមកដល់ពួកយើងសព្វថ្ងៃនេះ
- សម្តែងដល់សាមគ្គីភាពរបស់ភិក្ខុសង្ឃរហូតដល់ក្លាយជាទិដ្ឋានុគតិសម្រាប់សង្គាយនានៅសម័យត ៗ មក
No comments:
Post a Comment