សេចក្តីសង្កេតមុនប្រែបាលីជាសម្រាយ
- ចូរសង្កេតមើលក្នុងប្រយោគដែលត្រូវប្រែនោះថាជាវាចកអ្វីក្នុងចំណោមវាចកទាំង ៥ ជាបទកិរិយាអាខ្យាតឬបទកិរិយាក្រិតក៍ ។
- វាចកទាំង ៥ នោះមានធាតុផ្សំសំខាន់អ្វីខ្លះ?
- ប្រយោគដែលត្រូវប្រែនោះមានលេខក្រៅដល់ណា ឬ មានលេខក្នុងឬទេ ។
- មានខ្លឹមសារប៉ុន្មានសង្កាត់ គួរប្រែសង្កាត់ណាមុនតាមវិធីប្រែបាលី ។
- បទកិរិយាអាខ្យាត ឬ បទកិរិយាក្រិតក៍នោះជាកាលអ្វី អតីត បច្ចុប្បន្ន ឬ អនាគត ។
ប្រយោគក្នុងភាសាបាលីចែកជា ៥ ប្រភេទ គឺ
- ប្រយោគកត្តុវាចក(active voice) បើជាសកម្មធាតុ(transitive verb)មានធាតុផ្សំ ៣ គឺ កត្តា-កម្ម-កិរិយា ឧ. សូទោ ឱទនំ បចតិ.សូទោ ជា កត្តា ឱទនំ ជា កម្ម បចតិ ជា កិរិយា បើជាអកម្មធាតុ(intransitive verb) មានធាតុផ្សំ ២ គឺ កត្តា-កិរិយា ឧ. សោ យាតិ. សោ ជា កត្តា យាតិ ជា កិរិយា ។
- ប្រយោគកម្មវាចក (passive voice)ជាសកម្មធាតុតែម្យ៉ាង មានធាតុផ្សំ ៣ គឺ អនភិហិតកត្តា-វុត្តកម្ម-កិរិយា ឧ. សូទេន ឱទនោ បចិយតេ ឬ បច្ចតេ.សូទេន ជា អនភិហិតកត្តា ឱទនោ ជា វុត្តកម្ម បចិយតេ ជា កិរិយា ។
- ប្រយោគភាវវាចក (impersonal voice) ជាអកម្មធាតុតែម្យ៉ាង មានធាតុផ្សំ ២ គឺ អនភិហិតកត្តា-កិរិយា ឧ. តេន ភូយតេ. តេន ជា អនភិហិតកត្តា ភូយតេ ជា កិរិយា
- ប្រយោគហេតុកត្តុវាចក(causative active voice) បើជាសកម្មធាតុ មានធាតុផ្សំ ៤ គឺ ហេតុកត្តា-ការិតកម្ម-កម្ម-កិរិយា ឧ.សាមិកោ សូទំ ឱទនំ បាចេតិ.សាមិកោ ជា ហេតុកត្តា សូទំ ជាការិតកម្ម ឱទនំ ជា កម្ម បាចេតិ ជា កិរិយា បើជាអកម្មធាតុ មាន ធាតុផ្សំ ៣ គឺ ហេតុកត្តា-ការិតកម្ម-កិរិយា ឧ.លុទ្ទកោ ហត្ថឹ មារេតិ. លុទ្ទកោ ជាហេតុកត្តា ហត្ថឹ ជា ការិតកម្ម មារេតិ ជា កិរិយា ។
- ប្រយោគហេតុកម្មវាចក(causative passive voice) បើជាសកម្មធាតុ មានធាតុផ្សំ ៤ គឺ អនភិហិតកត្តា-ការិតកម្ម-ហេតុកម្ម-កិរិយា ឧ.សាមិកេន សូទេន ឱទនោ បាចាបិយតេ. សាមិកេន ជាអនភិហិតកត្តា សូទេន ជា ការិតកម្ម ឱទនោ ជា ហេតុកម្ម បាចាបិយតេ ជា កិរិយា បើជាអកម្មធាតុ មានធាតុផ្សំ ៣ គឺ អនភិហិតកត្តា-ហេតុកម្ម-កិរិយា ឧ. ពុទ្ធេន សទ្ធម្មប្បជ្ជោតោ ជាលាបិយតេ. ពុទ្ធេន ជា អនភិហិតកត្តា សទ្ធម្មប្បជ្ជោតោ ជា ហេតុកម្ម ជាលាបិយតេ ជា កិរិយា ។
ការប្រែបាលីមកជាសម្រាយត្រូវប្រកបដោយលក្ខណៈ ៩ ប្រការតាមលំដាប់លំដោយ គឺ
- អាលបនៈ បទអាលបនៈប្រែទី ១ ភាគច្រើនស្ថិតនៅក្នុងលេខក្នុង
- និបាតដើមសេចក្តី ប្រែទី ២ ភាគច្រើនជាពាក្យរៀងលំដាប់ទី ២
- បទកាលសត្តមី ប្រែទី ៣ ទាក់ទងនឹងកាលវេលាចែកជា ៣ កាល គឺ អតីត បច្ចុប្បន្ន អនាគត ។
- បទប្រធាន ប្រែទី ៤ ភាគច្រើនជាបទបឋមាវិភត្តិ
- បទទាក់ទងនឹងបទប្រធាន ប្រែទី ៥ ភាគច្រើនជាបទវិសេសនៈរបស់បទប្រធាន
- អព្ភន្តរកិរិយា ប្រែទី ៦ បទកិរិយាដែលស្ថិតនៅរវាងបទប្រធាន និង បទមុខ្យកិរិយា ដូចជា អន្ត-មាន-តូន-ត្វា-ត្វាន-ត-តវន្តុ-តាវី ជាដើម
- បទទាក់ទងនឹងអព្ភន្តរកិរិយា ប្រែទី ៧ បានដល់ បទនៅខាងមុខអព្ភន្តរកិរិយានោះ អាចជាបទអវុត្តកម្ម ឬ បទដទៃទៀតក៏បាន
- បទមុខ្យកិរិយា ប្រែទី ៨ បានដល់ បទកិរិយាធំ ឬ កិរិយាគ្រប់គ្រងប្រយោគ ដូចជា កិរិយាក្រិតក៍ដែលចុះ ត អនីយ តព្វ បច្ច័យ ត្វា-កិរិយាបធានន័យ ឬ បទកិរិយាអាខ្យាតទាំង ៨ វិភត្តិ ។
- បទទាក់ទងនឹងបទមុខ្យកិរិយា ប្រែទី ៩ បានដល់ បទដែលរៀងនៅខាងមុខឬក្រោយបទកិរិយាធំនោះ ។
- នាមនាមប្រកបដោយវិភត្តិទាំងពួង ដូចជា បុរិស កញ្ញេ អានន្ទ ជាដើម
- និបាតប្រាប់អាលបនៈ មាន ១២ សព្ទ គឺ យគ្ឃេ បពិត្រព្រះរាជតេជះតម្កល់លើត្បូង, ទេវ បពិត្រព្រះសម្មតិទេព, ភន្តេ បពិត្រព្រះអង្គទ្រង់ចម្រើន, ភទន្ទេ បពិត្រព្រះអង្គដ៏ចម្រើន, ភណេ នែនាយ, នែព្រះស្តែង, អម្ភោ ម្នាលអ្នកដ៏ចម្រើន, អាវុសោ ម្នាលលោកអ្នកមានអាយុ , រេ វ៉ឺយ,អរេ នែមេចង្រៃ ហន្ទ ហ៏, ណ្ហើយចុះ, ហេ ហ៊ឺយ,អឺយ, ជេ នែហង,
- និយមរៀងនៅតួទី ១ ដូចជា អថវា ម្យ៉ាងទៀត អថោ មួយវិញសោត អហោ ឱ, យទិ,សចេ ប្រសិនបើ, យន្នូន បើដូច្នោះមានតែ, ឧទាហុ,អាទូ ឬថា អាម,អាមន្តា ព្រះពរម្ចាស់,ចម្រើនពរ, បាទ ចាស, ឥង្គ,ហន្ទ,តគ្គ ណ្ហើយចុះ,អបិច មួយយ៉ាងទៀត ។
- និយមរៀងនៅតួទី ២ ដូចជា ចេ ប្រសិនបើ , កិរ,ខលុ,សុទំ បានឮមកថា, ហិ ក៏,មែនពិត,ត្បិតថា, ព្រោះថា, នឹងពោលដោយសង្ខេបថា, នឹងពោលដោយពិស្តារថា, តុ ចំណែកខាង, បន ក៏, ក៏ប៉ុន្តែ,ប៉ុន្តែ, ប៉ុន្តែថា ច មួយវិញសោត,ក៏ប៉ុន្តែ ជាដើម
No comments:
Post a Comment